អង្គការ AHF អំពាវនាវ បញ្ឈប់ការរើសអើងការមករដូវក្នុងទិវាសុខភាពពេលមករដូវក្នុងឆ្នាំនេះ

រាជធានីភ្នំពេញ ប្រទេសកម្ពុជា: ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF)កំពុងអំពាវនាវដល់មនុស្សគ្រប់រូបទូទាំងពិភពលោកឱ្យបញ្ឈប់ការរើសអើងទៅលើអ្នក ដែលមានការមករដូវចំនួន1.8ពាន់លាននាក់ និងលើកអាទិភាពចម្បងលើការបញ្ចប់ភាពក្រីក្រពេលមករដូវនៅគ្រប់ប្រទេសទាំងអស់ក្នុងទិវាសុខភាពពេលមករដូវ (MH Day) ក្នុងឆ្នាំនេះ។

អ្នកស្រី Guillermina Alaniz នាយកផ្នែកតស៊ូមតិ និងគោលនយោបាយសកលនៃអង្គការ AHF មានប្រសាសន៍ថា “គ្មានអ្វីដែលអាចរារាំងយើងមិនឱ្យមករដូវបាននោះទេ ប៉ុន្តែការមាក់ងាយ និងការរើសអើងដ៏អាក្រក់ បូករួមនឹងកង្វះខាតនៃការទទួលបានផលិតផល និងសម្ភារៈប្រើប្រាស់សម្រាប់សុខភាពពេលមករដូវ មានឥទ្ធិពលយ៉ាងខ្លាំងក្លាក្នុងការបញ្ឈប់យើងទាំងអស់គ្នាពីការរីកចម្រើនលូតលាស់ និងការរស់នៅ ប្រកបដោយសុខភាពល្អ”។

លោកស្រីបានបន្តទៀតថា “សុខភាពពេលមករដូវ ត្រូវតែចាត់ទុកជាអាទិភាពចម្បង នៅទូទាំងពិភពលោកជាពិសេសនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ព្រោះអ្នកមករដូវនៅប្រទេសទាំងនេះភាគច្រើន ប្រឈមមុខនឹងហានិភ័យក្នុងការទុកចោលមិនអើពើ ដោយសារកង្វះខាតផ្នែកសុខភាព និងសុវត្ថិភាពអំឡុងពេលមករដូវរបស់ខ្លួន។ ដូច្នេះគឺដល់ពេលហើយដើម្បី បញ្ឈប់ការរើសអើង លើការមករដូវ ព្រមទាំងធានាបានថា ផលិតផលនិងសម្ភារ:សុវត្ថិភាពសម្រាប់ប្រើប្រាស់ពេលមករដូវ អាចងាយស្រួលរកបានសម្រាប់មនុស្សគ្រប់គ្នា ដោយមិនមានភាពខ្មាសអៀន ឬការរើសអើងឡើយ” ។

ទិវាសុខភាពពេលមករដូវ ប្រារព្ធឡើងនៅថ្ងៃទី២៨ ខែឧសភា ជារៀងរាល់ឆ្នាំ។ ទិវានេះបានចាប់ផ្តើមឡើងដំបូងនៅក្នុងឆ្នាំ២០១៤ ក្នុងគោលបំណងទទួលស្គាល់ឱ្យមានតម្រូវការកើនឡើងបន្ថែមទៀតនៃការអប់រំសុខភាពពេលមករដូវ និងធនធាន។ យ៉ាងណាមិញ ក្រុមការងារអង្គការ AHF នៅតាមប្រទេសផ្សេងៗបាននិងកំពុងតែរៀបចំការប្រារព្ធទិវាសុខភាពពេលមករដូវឆ្នាំ២០២៣របស់ខ្លួនក្រោមប្រធានបទ “បញ្ឈប់ការរើសអើង” ប្រកបដោយការផ្ដល់ការលើកកម្ពស់ ការកម្សាន្ត និងអប់រំ។

ក្នុងឆ្នាំនេះAHF Cambodia នឹងប្រារព្ធទិវាសុខភាពពេលមករដូវ ដោយធ្វើការចែកនូវសំឡីអនាម័យចំនួន៣២០០០ប្រអប់ ដែលជាការផ្ដល់ជូនដោយឥតគិតថ្លៃទៅដល់កុមារីនិងស្ត្រីនៅតាមបណ្ដាសាលារៀន មណ្ឌលកុមារកំព្រា អតិថិជន ដោយមានពិធីជួបជុំក្រោមការចូលរួមពីសំណាក់តំណាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ក្រុមបណ្តាញ និងសហគមន៍ផងដែរ។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការធ្វើការលើជំងឺអេដស៍កម្រិតពិភពលោកដ៏ធំបំផុត។ បច្ចុប្បន្នអង្គការនេះបានផ្តល់សេវាថែទាំវេជ្ជសាស្រ្ត និង/ឬសេវាកម្មដល់អតិថិជនជាង១.៧ លាននាក់នៅក្នុង៤៥ប្រទេសទូទាំងពិភពលោកដូចជា នៅសហរដ្ឋ អាមេរិក អាហ្វ្រិក អាមេរិកឡាទីន/ការាបៀន តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុប។

ដើម្បីស្វែងយល់បន្ថែមអំពីAHFសូមចូលទៅកាន់គេហទំព័ររបស់យើង៖www.aidshealth.orgឬស្វែងរកពួកយើងនៅលើFacebook:www.facebook.com/aidshealth,Twitter:@aidshealthcareនិងInstagram: @aidshealthcare

ចែករំលែកទៅកាន់បណ្តាញសង្គម