ចូលទៅ​នៅផ្ទះ​ថ្មី អ្នកត្រូវយករបស់ទាំងនេះចូលមុនគេ ដើម្បីហៅ​ទ្រព្យសម្បត្តិ និង​លាភ​សំណាង​ចូលក្នុង​ផ្ទះ​ថ្មី

ផ្ទះ​ថ្មី​មានន័យថា​ជាការ​ចាប់ផ្តើម​ជីវិត​ថ្មី​។ ការចូលទៅ​រស់នៅក្នុង​ផ្ទះ​ថ្មី​ក៏​ជា​ព្រឹត្តិការណ៍​សំខាន់​ក្នុង​ជីវិត​ផងដែរ ហើយ​វា​ជា​ព្រឹត្តិការណ៍​សំខាន់បំផុត​ក្នុង​ក្បួន​ហុងស៊ុយ​។ ការចូលទៅ​នៅផ្ទះ​ថ្មី​តំណាងឱ្យ​ការចាប់ផ្តើម​វដ្ត​ថ្មី​នៃ​ជីវិត ជាមួយនឹង​ឱកាស​រកស៊ី​រីកចម្រើន និង​ឱកាស​ថ្មីៗ​ដែល​អាច​កើតឡើង​ជាច្រើន​ទៀត​។

ដើម្បី​ចាប់ផ្តើម​វដ្ត​ជីវិត​ថ្មី លោកអ្នក​ពុំគួរ​យក​ចង្ក្រាន​ដែលជា​របស់​នាំ​ភ្លើង​ចូល​ផ្ទះ​មុនគេ​នោះទេ ព្រោះ​វា​នាំមក​នូវ​រឿង​ក្តៅក្រហាយ​ឥត​ឈប់​ក្នុង​គ្រួសារ​របស់​អ្នក​។ តាម​ក្បួន​ហុងស៊ុយ គេ​មាន​របៀប​សាមញ្ញៗ​ជាច្រើន​ដើម្បី​ស្វាគមន៍​លាភ​សំណាង​ចូលក្នុង​ផ្ទះ​ថ្មី​។

ដំបូង​បំផុត ត្រូវ​ជ្រើសរើស​ថ្ងៃ​ដែល​ល្អ និង​វេលា​ល្អ​ដើម្បី​ចូលទៅ​នៅផ្ទះ​ថ្មី​។ ពេលវេលា​និង​កាលបរិច្ឆេទ​ដើរតួនាទី​សំខាន់​ក្នុង​ការអន្ទង​ហៅ​លាភ​សំណាង​សម្រាប់​មនុស្ស​រស់នៅក្នុង​ផ្ទះ​។ ពេលវេលា និង​កាលបរិច្ឆេទ​ចូល​ផ្ទះ​ថ្មី​គួរតែ​ផ្អែកលើ​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​ម្ចាស់ផ្ទះ និង​ទីតាំង​នៃ​ផ្ទះ​ថ្មី​។ ​ប្រសិនបើ​លោកអ្នក​មិន​ប្រាកដ​ក្នុង​ចិត្ត​ទេ លោកអ្នក​អាច​ពិគ្រោះ​ជាមួយ​គ្រូ​ហុងស៊ុយ​ឱ្យជួយ​រក​ថ្ងៃខែ​និង​វេលា​ល្អ​ដើម្បី​ចូលក្នុង​ផ្ទះ​ថ្មី​។

ខាងក្រោម​នេះ​គឺជា​របស់​ដែល​លោកអ្នក​ត្រូវយក​ចូលក្នុង​ផ្ទះ​មុនគេ​ដើម្បី​នាំ​លាភ​សំណាង និង​វិបុលភាព​៖

​១. អង្ករ និង​អាំង​ប៉ាវ​ក្រហម​

​ត្រូវ​លើក​បាវ​អង្ករ​ ឬធុងអង្ករ ចូលក្នុង​ផ្ទះ​ថ្មី​របស់​អ្នក​មុនគេ ហើយ​ក្នុង​បាវ​នោះ​គួរតែមាន​អាំង​ប៉ាវ​ក្រហម​ចំនួន​ពីរ​ផងដែរ​។ ធ្វើតាម​វិធី​នេះ​នឹង​ជួយ​អន្ទង​ហៅ​ទ្រព្យសម្បត្តិ និង​លាភ​សំណាង​ចូលក្នុង​ផ្ទះ​ថ្មី​របស់​លោកអ្នក​។

២. រៀបចំ​គ្រែ​ដេក​ឱ្យមាន​សណ្តាប់ធ្នាប់​

ជំហាន​បន្ទាប់​ដើម្បី​អន្ទង​ហៅ​ថាមពល​វិជ្ជមាន​ចូល​ផ្ទះ​ថ្មី​របស់​អ្នក​គឺ​រៀបចំ​គ្រែ​ដេក​ឱ្យមាន​សណ្តាប់ធ្នាប់​តាម​លំដាប់លំដោយ ព្រោះ​វា​ជាប់​ពាក់ព័ន្ធ​នឹង​លាភ​សំណាង និង​សុភមង្គល​។ លោកអ្នក​មិនត្រូវ​ចូល​ផ្ទះ​ថ្មី​ទាំង​គ្រែ​ដេក​នៅ​ទទេរ​ស្អាត​នោះទេ​។​

ដើម្បី​រៀប​គ្រែ​ដេក​ឱ្យមាន​សណ្តាប់ធ្នាប់​តាម​លំដាប់លំដោយ គឺ​ដំបូង​ត្រូវ​ក្រាល​កម្រាលពូក បន្ទាប់មក​ក្រាល​ភួយ​ពីលើ និង​ចុងក្រោយ​ដាក់​ខ្នើយកើយ​។ ធ្វើបែបនេះ​នឹង​ជួយ​ទាក់ទាញ​នូវ​ភាព​សុ​ខុ​ដុម​ដល់ផ្ទះ​ថ្មី​របស់​អ្នក​។

៣. ដាំទឹក​ឱ្យ​ពុះ បង្កឱ្យមាន​សំឡេង​ឮ​ខ្លាំងៗ និង​បើកភ្លើង​ឱ្យ​ភ្លឺ​ជុំវិញ​និង​ក្នុងផ្ទះ​

បន្ទាប់មក​រឿង​ដែល​អ្នក​ត្រូវធ្វើ​គឺ ដាំទឹក​ឱ្យ​ពុះ​។ លោកអ្នក​គួរប្រើ​កំសៀវ​ទឹក​ដែល​អាច​បញ្ចេញ​សំឡេង​ពេល​ទឹក​ពុះ ប៉ុន្តែ​ប្រសិន​រក​កំសៀវ​ប្រភេទ​នេះ​ពុំ​បានទេ ត្រូវ​ប្រាកដថា​ដាក់​គម្រប​កំសៀវ​ឱ្យ​ត្រូវ​ទំនង​របស់​វា​ដើម្បីឱ្យ​ទឹក​ពុះ​មក​ច្រាន​គម្រប​លាន់ឮ​សូរសំឡេង​។

​នៅពេលណា​ដែល​លោកអ្នក​ឮសូរ​សំឡេង​ទឹក​ពុះ​ហើយ ត្រូវ​បើក​ទូរទស្សន៍ និង​វិទ្យុ​។ បន្ទាប់មក​បើក​បង្អួច បើក​ម៉ាស៊ីនត្រជាក់ និង​បើក​កង្ហា​។ ចុងក្រោយ ត្រូវ​បើកភ្លើង​ឱ្យ​ភ្លឺ​ជុំវិញ និង​ក្នុងផ្ទះ​។

បន្ថែមពីនេះ អ្នកគួរតែអុជធូប ដើម្បីឲ្យកុងម៉ា និងទេវតាទាំងឡាយតាមជួយថែរក្សាអ្នក ជួយឲ្យមានលាភចូលក្នុងផ្ទះថ្មី នាំមក​នូវ​វិបុលភាព​និង​ភាពរុងរឿង​ចូល​ផ្ទះ​ថ្មី​របស់​អ្នក​៕

ចែករំលែកទៅកាន់បណ្តាញសង្គម