លោក ចូ បៃដិន ចុះហត្ថលេខាលើច្បាប់ ពន្លឿនការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ដូចក្នុងសម័យសង្រ្គាមលោកលើកទី២ ខណៈលោក ពូទីន មិនមានផែនការដកខ្លួនពី សង្គ្រាមអ៊ុយក្រែន

នៅថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់មួយ ដែលនឹងផ្ដល់ឱ្យរូបលោកនូវអំណាច ក្នុងការពន្លឿនការបញ្ជូនសម្ភារយោធា និងអាវុធទៅឱ្យអ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធជាមួយកងទ័ពរុស្សុី។

ច្បាប់ខាងលើ ឬគេស្គាល់ថា ច្បាប់ជួល-ឱ្យខ្ចីសម្ភារយោធា «Lend-lease Act» ធ្លាប់ត្រូវបានសហរដ្ឋអាមេរិកយកមកប្រើក្នុងសម័យសង្រ្គាមលោកលើកទី២ ដើម្បីជួយសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប ប្រយុទ្ធប្រឆាំងជាមួយកងទ័ពណាហ្ស៉ីអាល្លឺម៉ង់។

លោក ចូ បៃដិន ក៏បានបញ្ជាក់ផងដែរថា រូបលោកផ្ទាល់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់សម្បទាននយោបាយក្នុងសភាជាតិ សំដៅទទួលបានការអនុម័តយ៉ាងឆាប់រហ័សលើសំណើកញ្ចប់ថវិកា ៣៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន។

ហើយថ្មីៗនេះ លោក ចូ បៃដិន ក៏ធ្លាប់បាននិយាយថា លោកមានការព្រួយបារម្ភជាខ្លាំង ថាប្រធានាធិបតីរុស្សុី លោក វ៉្លាឌីមៀ ពូទីន មិនមានផែនការដកខ្លួនពីសង្រ្គាមអ៊ុយក្រែន ក្នុងពេលនេះទេ ហើយលោកកំពុងពិចារណាថាត្រូវធ្វើអ្វីបន្តទៀត ចំពោះបញ្ហាមួយនេះ។

ជាក់ស្តែង នៅក្នុងការប្រារព្ធទិវាជ័យជម្នះរបស់អតីតកងទ័ពសូវៀត ប្រឆាំងនឹងកងទ័ពណាហ្ស៊ី អាល្លឺម៉ង់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក ពូទីន ក៏បានបង្ហាញខ្លួនក្នុង ការត្រួតពិនិត្យព្យុហយាត្រាយោធា នៅឯលើទីលានក្រហម នៃទីក្រុងមូស្គូ ហើយលោក ពូទីន បានអះអាងថាសង្រ្គាមរបស់លោកនៅអ៊ុយក្រែន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ៕

ចែករំលែកទៅកាន់បណ្តាញសង្គម