អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ប្រារព្ធទិវាក្មេងស្រីអន្តរជាតិ ២០២៣ ក្រោមប្រធានបទ «ពង្រីកសំឡេងរបស់ក្មេងស្រី»

(ភ្នំពេញ)៖អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា បានប្រារព្ធទិវាក្មេងស្រីអន្តរជាតិ (IGCD) ឆ្នាំ២០២៣ នៅវិទ្យាល័យគោកបញ្ជាន់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមប្រធានបទ «ពង្រីកសំឡេងរបស់ក្មេងស្រី» ក្នុងគោលបំណងផ្តល់សិទ្ធអំណាចដល់ក្មេងស្រីឱ្យគ្រប់គ្រងជីវិត និងសុខភាពរបស់ ពួកគេ និងអំពាវនាវឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាលលើកកម្ពស់កម្មវិធីសម្រាប់ក្មេងស្រីឲ្យបានច្រើន និងពិនិត្យគោលនយោបាយដែលបង្កើតសមភាពសម្រាប់ស្ត្រី និងក្មេងស្រី ។

ទិវាក្មេងស្រីអន្តរជាតិ (IDGC) ឆ្នាំ២០២៣ បានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ស៊ីវ ស៊ាន អនុប្រធានការិយាល័យមធ្យមសិក្សាចំណេះទូទៅ នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នាយកសាលា លោកគ្រូអ្នកគ្រូ រួមទាំងមានសិស្សានុសិស្សចូលរួមជាង ៣០០នាក់។

ព្រឹត្តិការណ៍នេះបានផ្តោតលើការផ្តល់សិទ្ធអំណាចដល់ក្មេងស្រីឱ្យគ្រប់គ្រងជីវិត និងសុខភាពរបស់ពួកគេ និងជំរុញឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាលលើកកម្ពស់កម្មវិធីជាច្រើន និងគោលនយោបាយដែលបង្កើតសមភាពសម្រាប់ស្ត្រី និងក្មេងស្រី។ ព្រឹត្តិការណ៍ «ពង្រីកសំឡេងរបស់ក្មេងស្រី» របស់ AHF Cambodia នឹងរួមបញ្ចូលពីការបង្ហាញនិងរៀបរាប់ពីខ្សែជីវិតដែលជួបប្រទះជីវិតរបស់ពួកគេ និងការអបអរសាទរ ប្រារព្ធទិវាអន្តរជាតិក្មេងស្រី ជាមួយនឹងការចែកជូនអំណោយ សម្ភារៈសិក្សាដល់សិស្សានុសិស្ស និងក្មេងស្រីនៅតាមសហគមន៍ ចំនួន២០០នាក់ផងដែរ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានឱ្យដឹងថា ទិវាក្មេងស្រីអន្តរជាតិ ២០២៣នេះ ក៏ដើម្បីក្រើនរំលឹកយើងទាំងអស់គ្នាថា វាជាការទទួលខុសត្រូវរបស់យើងក្នុងការផ្តល់សារៈប្រយោជន៍ដល់ក្មេងស្រីដែលពួកគេត្រូវតែទទួលបាន និងធ្វើការរួមគ្នាដើម្បីជីវិតរបស់ពួកគាត់កាន់តែមានសុភមង្គល។ នៅពេលដែលក្មេងស្រីត្រូវបានផ្តល់ឱកាសឱ្យរីកចម្រើន មិនត្រឹមតែធ្វើឱ្យជីវិតរបស់ពួកគេផ្លាស់ប្តូរប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើសហគមន៍រីកចម្រើនផងដែរ។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ក្មេងស្រីនិងស្ត្រីវ័យក្មេងមានចំនួនជាង៥០% នៃអ្នករស់នៅជាមួយមេរោគអេដស៍ទាំងអស់នៅទូទាំងពិភពលោក។ ពួកគេក៏ស្ថិតក្នុងចំណោមប្រជាជនជាង ៥០០លាននាក់ដែលស៊ូទ្រាំនឹងភាពក្រីក្រ រួមទាំងការមាក់ងាយដែលបង្កគ្រោះថ្នាក់ និងការទទួលបានសម្ភារៈបរិក្ខារ និងផលិតផលអនាម័យមិនគ្រប់គ្រាន់ ត្រឹមត្រូវដែលជាឧបសគ្គរារាំងដល់ភាពជោគជ័យរបស់ពួកគេ។

AHF ចាប់ផ្តើមបង្កើតកម្មវិធី Girls Act ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ក្មេងស្រីនៅក្នុងប្រទេសដែលកំពុងប្រតិបត្តិការទទួលបានជោគជ័យនៅក្នុងទ្វីបអាហ្រ្វិកក្នុងឆ្នាំ ២០១៦ និងបានពង្រីកទៅជិត ៤០ ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិក អាស៊ី អឺរ៉ុប និងអាមេរិកឡាទីន និងតំបន់ការីប៊ីន។
សូមចូលទៅកាន់ GirlsAct.org ដើម្បីស្វែងយល់បន្ថែម។

សូមបញ្ជាក់ដែរថា មូលនិធិថែទាំសុខភាអ្នកជំងឺដស៍ ដែលជាអង្គការដ៏ធំបំផុត ក្នុងពិភពលោកបច្ចុប្បន្នផ្តល់សេវាថែទាំសុខភាព និង/ឬសេវាដល់មនុស្សជាង ១,៨លាននាក់ក្នុង ៤៥ប្រទេសជុំវិញពិភពលោកនៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន/ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ ដើម្បីស្វែងយល់បន្ថែមសូមចូលទៅកាន់គេហទំព័ររបស់យើង៖www.aidshealth.org ឬ ស្វែងរកពួកយើងតាម www.facebook.com/aidshealth ឬ តាមរយៈ Twitter: @aidshealthcare and Instagram: @aidshealthcare ៕

ចែករំលែកទៅកាន់បណ្តាញសង្គម