នៅចុងសប្តាហ៍នេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(​AHF) នឹងប្រារព្ធទិវាក្មេងស្រីអន្តរជាតិ ដើម្បីពង្រីកសំឡេងរបស់ក្មេងស្រី

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នឹងប្រារព្ធទិវាក្មេងស្រីអន្តរជាតិ (IDGC) ឆ្នាំ២០២៣ នៅវិទ្យាល័យគោកបញ្ជាន់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ពង្រីកសំឡេងរបស់ក្មេងស្រី» ក្នុងគោលបំណងផ្តល់សិទ្ធអំណាចដល់ក្មេងស្រីឱ្យគ្រប់គ្រងជីវិត និងសុខភាពរបស់ពួកគេ និងអំពាវ​នាវជំរុញ ​ឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាលលើកកម្ពស់កម្មវិធីសម្រាប់ក្មេងស្រីឲ្យបានច្រើន និងពិនិត្យគោលនយោបាយដែលបង្កើតសមភាពសម្រាប់ស្ត្រី និងក្មេងស្រី។

យើងត្រូវរួមគ្នាដោះស្រាយការគ្រប់គ្រងអនាម័យ សុខភាពពេលមករដូវ ការអប់រំសុខភាពផ្លូវភេទដ៏ទូលំទូលាយតាមវ័យ និងពង្រឹងសារៈសំខាន់នៃការចូលសាលារៀនជាប់លាប់របស់ក្មេងស្រី ជៀសវាងការមានផ្ទៃពោះដោយមិនបានគ្រោងទុក កសាងជំនាញបំណិនជីវិត និងដំណោះស្រាយបញ្ហាសំខាន់ៗផ្សេងទៀតដែលប៉ះពាល់ដល់សុខភាពរបស់ពួកគេ។

ព្រឹត្តិការណ៍ ពង្រីកសំឡេងរបស់ក្មេងស្រី របស់ AHF Cambodia នឹងរួមបញ្ចូលពីការបង្ហាញនិងរៀបរាប់ពីខ្សែជីវិតដែលជួបប្រទះជីវិតរបស់ពួកគេ និងការអបអរសាទរ។ AHF នឹងប្រារព្ធទិវាអន្តរជាតិក្មេងស្រី ជាមួយនឹងការចែកជូនអំណោយសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន ១៥០នាក់ និងមានការចូលរួមពីមន្ទីអប់រំយុវជន និងកីឡារាជធានីភ្នំពេញ នាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សចំនួនជាង ៣០០នាក់។

បើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ មានប្រសាសន៍ថា “ទិវាក្មេងស្រី អន្តរជាតិក្រើនរំលឹកយើងទាំងអស់គ្នាថា វាជាការទទួលខុសត្រូវរបស់យើងក្នុងការផ្តល់សារៈប្រយោជន៍ដល់ក្មេងស្រីដែលពួកគេត្រូវតែទទួលបាន និងធ្វើការរួមគ្នាដើម្បីជីវិតរបស់ពួកគាត់កាន់តែមានសុភមង្គល។ នៅពេលដែលក្មេងស្រីត្រូវបានផ្តល់ឱកាសឱ្យរីកចម្រើន មិនត្រឹមតែធ្វើឱ្យជីវិតរបស់ពួកគេផ្លាស់ប្តូរប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើសហគមន៍រីកចម្រើនផងដែរ”។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ ខែតុលា ទិវាកុមារីក្មេងស្រីអន្តរជាតិត្រូវបានប្រារព្ធ និងអនុញ្ញាតឱ្យក្មេងស្រី អ្នកតស៊ូមតិលើកកំពស់ការយល់ដឹងអំពីបញ្ហាប្រឈមដែលពួកគេជួបប្រទះ ដែលវិសមភាពក្នុងការទទួលទទួលបានការងារ និងការអប់រំ និងឧបសគ្គជាច្រើនចំពោះការថែទាំសុខភាពបើប្រៀបធៀរបស់ពួកគេ។ ក្មេងស្រី និងស្ត្រីវ័យក្មេងមានចំនួនជាង ៥០% នៃអ្នករស់នៅជាមួយមេរោគអេដស៍ទាំងអស់នៅទូទាំងពិភពលោកហើយពួកគេក៏ស្ថិតក្នុងចំណោមប្រជាជនជាង ៥០០ លាននាក់ដែលស៊ូទ្រាំនឹងភាពក្រីក្រ រួមទាំងការមាក់ងាយដែលបង្កគ្រោះថ្នាក់ និងការទទួលបានសម្ភារៈបរិក្ខារ និងផលិតផលអនាម័យមិនគ្រប់គ្រាន់ ត្រឹមត្រូវដែលជាឧបសគ្គរារាំងដល់ភាពជោគជ័យរបស់ពួកគេ។

ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ក្មេងស្រីនៅក្នុងប្រទេសដែល AHF ប្រតិបត្តិការចាប់ផ្តើមពីកម្មវិធី Girls Act ដែលទទួលបានជោគជ័យនៅក្នុងទ្វីបអាហ្រ្វិកក្នុងឆ្នាំ ២០១៦ បានពង្រីកទៅជិត ៤០ ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិក អាស៊ី អឺរ៉ុប និងអាមេរិកឡាទីន និងតំបន់ការីប៊ីន។ ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ GirlsAct.org ៕

ចែករំលែកទៅកាន់បណ្តាញសង្គម