អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីរំលឹកទៅកាន់ពិភពលោក ការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍មិនទាន់បញ្ចប់ទេ

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៣ នៅសួន អ៊ឺរ៉ូ ផាក បុរី ប៉េងហួត បឹងស្នោរ រាជធានីភ្នំពេញ ដើម្បីរំលឹកទៅកាន់ពិភពលោកពីការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ និងដើម្បីរំលឹក និងផ្តល់កិត្តិយសដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ អ្នកគាំទ្រ អ្នកដែលបន្តការប្រយុទ្ធ និងប្រជាជនដែលបានរួបរួមគ្នាទូទាំងពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង លោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ លោក អ៊ុក វីឡា នាយកធនធានមនុស្ស ប៉េង ហួត គ្រុប លោកស្រី វេជ្ជ ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍រួមទាំងមានការចូលរួមយុទ្ធនាការ រត់ប្រណាំងសប្បាយ សប្បាយ មកពីតំណាងស្ថាប័នរាជរដ្ឋាភិបាល អង្គការ ក្រុមកាងារប៉េងហួតឯកជន និងប្រជាពលរដ្ឋជាង៦០០នាក់។

លោកអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា ការបញ្ចប់ជំងឺអេដស៍គឺតម្រូវឱ្យយើងទាំងអស់រួមគ្នាចូលរួមកសាងភាពជាអ្នកដឹកនាំដ៏រឹងមាំ ដើម្បីជំរុញភាពជាដៃគូដែលមានបរិយាបន្ន និងការវិនិយោគធនធាន និងពេលវេលាក្នុងការដោះស្រាយតម្រូវការរបស់ជនងាយរងគ្រោះ និងអ្នកដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍។

លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង បានឱ្យដឹងដែរថា ការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍មិនទាន់ចប់ទេ! យើងកំពុងអំពាវនាវជាសំឡេងតែមួយ ជាមួយនឹងសហគមន៍ដែលរស់នៅជាមួយមេរោគអេដស៍ ក្រុមប្រឈមមុខខ្ពស់ ឬរងផលប៉ះពាល់ដោយមេរោគអេដស៍ គឺជាការអំពាវនាវឱ្យមានសកម្មភាពក្នុងការឆ្លើយតបនឹងមេរោគអេដស៍។ លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១ ខែធ្នូ បានផ្តល់ឱកាសឱ្យអ្នកតស៊ូមតិមេរោគអេដស៍/ជំងឺអេដស៍ នូវឱកាសមួយដើម្បីនាំយកការយល់ដឹង និងមានការឆ្លើយតបជាសកល ក្នុងការប្រយុទ្ធទៅនឹងការមាក់ងាយ និងការរើសអើង ដែលអ្នករស់នៅជាមួយមេរោគអេដស៍មានឧបសគ្គ រារាំងក្នុងការស្វែងរកសេវាធ្វើតេស្តឈាម និងព្យាបាល និងជំរុញឱ្យរដ្ឋាភិបាលទូទាំងពិភពលោកធានាឱ្យបានមានធនធាន និងឆន្ទៈនយោបាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំ ព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ១.៩លាននាក់ក្នុង៤៥ប្រទេសជុំវិញពិភពលោក មានដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប។ ដើម្បីស្វែងយល់បន្ថែមអំពី អង្គការAHF សូមចូលទៅកាន់គេហទំព័ររបស់យើង៖ www.aidshealth.org៕

ចែករំលែកទៅកាន់បណ្តាញសង្គម