ការបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃនេះ គេសង្កេតឃើញថា មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលមានទ្រង់ទ្រាយធំជាងគេ

នៅក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០២២នេះ គេសង្កេតឃើញថា មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលមានសមាជិក សមាជិកា រាប់ពាន់នាក់ដង្ហែក្បួនចល័តឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅតាមឃុំ សង្កាត់ ។

ដោយឡែក ការបើកយុទ្ធនាការឃោសនានៅថ្ងៃនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានការគំរាមកំហែង បំភិតបំភ័យ ឬប្រើអំពើហិង្សាឡើយ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា មានគណបក្សចំនួន១៧ ដែលស្នើសុំធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅតាមមូលដ្ឋាន ហើយគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ក៏បានសហការជាមួយអាជ្ញាធរ រៀបចំតម្រាយផ្លូវ និងបែងចែកពេលវេលា ដើម្បីចៀសវាងបញ្ហាប៉ះគ្នាជាដើម។

ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ មានឃុំសង្កាត់ចំនួន ១៦៥២ ដែលត្រូវបានបោះឆ្នោតជ្រើសរើសសមាជិក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ២៨០០៨នាក់ នៅទូទាំងប្រទេសកម្ពុជា។

ចែករំលែកទៅកាន់បណ្តាញសង្គម