ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ស្តីអំពី «បឹងទន្លេសាប»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ ស្តីអំពីបឹងទន្លេសាប ប្រមាណជាង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បឹងទន្លេសាបជាបឹងដ៏ធំ ហើយមានត្រីច្រើន ដែលទាមទារឱ្យមានការអភិរក្ស។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់បឹងទន្លេសាបចែកចេញជា៤តំបន់។ តំបន់ទី៤ ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់បឹងទន្លេសាប ចែកជាពីរកត្តាចាំបាច់ កត្តាទី១ ការអភិរក្ស និងកត្តាទី២ គឺត្រូវគិតដល់ប្រជាពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាប។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាបឹងទន្លេសាប ត្រូវគិតលើគោលការណ៍៣សំខាន់ ហើយគោលការណ៍ត្រូវយកចិត្តទុកដាក់នោះ គឺគោលការណ៍ថ្លឹងថ្លែងជាមួយការអភិរក្ស និងគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង។
  5. សម្តេចតេជោ ហ៊ុន សែន ណែនាំទៅខេត្តទាំង៦នៅជាប់បឹងទន្លេសាប ត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាប។
  6. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដោយកាត់ឆ្វៀលដីពីតំបន់ពីរ និងបី ជូនទៅប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែង។
  7. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យកែសម្រួលព្រំប្រទល់តំបន់ពីរ និងបីឡើងវិញ ទៅតាមស្ថានភាពជាក់ស្តែងនៃការអាស្រ័យផលរបស់ប្រជាពលរដ្ឋ។
  8. សម្តេចតេជោ ហ៊ុន សែន ណែនាំឧបនាយករដ្ឋមន្ត្រី ជា សុផារា ដឹកនាំអាជ្ញាធរពាក់ព័ន្ធក្នុងការកែសម្រួលព្រំប្រទល់តំបន់ពីរ និងបីនេះ។
  9. សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរៀបចំបង្គោលធំៗនៅតាមព្រំប្រទល់បែងចែកតំបន់បឹងទន្លេសាបនេះ។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីតាំងដែលពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំហើយនោះ ត្រូវរក្សា និងចេញកម្មសិទ្ធិជូនពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យធ្វើឱ្យបានច្បាស់លាស់លើការបែងចែក និងការកាត់ឆ្វៀលជូនប្រជាពលរដ្ឋនេះ។
  11. សម្តេចតេជោ ហ៊ុន សែន ស្នើដល់ពលរដ្ឋដែលទទួលបានសិទ្ធិកាន់កាប់ដីជាក់ស្តែងនោះហើយ ឈប់បន្តកាប់ឆ្កៀលដីនៅជាប់នោះបន្តទៀត។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងមានលុយ ទៅជ្រកក្រោមរូបភាពពលរដ្ឋកាប់ទន្ទ្រានដីហាមឃាត់នៅបឹងទន្លេសាប។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភូមិឋាន និងតាំងទីលំនៅរបស់ប្រជាពលរដ្ឋ ដែលមានតាំងពីយូរលង់ណាស់មកហើយនោះ មិនអាចរុះរើចេញបាននោះឡើយ។
  14. សម្តេចតេជោ ហ៊ុន សែន បានណែនាំឧបនាយករដ្ឋមន្ត្រី ជា សុផារា និងក្រសួងធនធានទឹកពិនិត្យមើលថា តើកន្លែងណាគោករាក់ ហើយត្រូវបូបស្តាឡើងវិញ។
  15. សម្តេចតេជោ ហ៊ុន សែន បានណែនាំសិក្សាឱ្យបានច្បាស់ក្នុងការប្រើប្រាស់អាចម៍ដីដែលបូមចេញពីទន្លេសាបមានជីវជាតិខ្ពស់។
  16. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ភូមិរបស់ប្រជាពលរដ្ឋដែលមានតាំងពីរយូរលង់មកហើយនោះ ត្រូវតែឆ្វៀលចេញពីតំបន់ពីរ និងបី។
  17. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផ្ទៃដីដែលកាត់ឆ្វៀល គឺសម្តៅអ្នកអាស្រ័យផលយូរឆ្នាំ មិនរាប់អ្នកទើបទៅកាន់កាប់ត្រឹមពីរ ឬបីឆ្នាំនោះទេ។
  18. សម្តេចតេជោ ហ៊ុន សែន បានទទូចដល់ប្រជាពលរដ្ឋដែលត្រូវបានកាត់ឆ្វៀលដីជូនហើយនោះ សូមកុំបន្តកាប់ទន្ទ្រានដីអភិរក្សាបន្តទៅទៀត។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋ គឺជាដីដែលពលរដ្ឋអាស្រ័យផលយ៉ាងតិចបំផុត១០ឆ្នាំ ឬដីដែលមិនមែនជាដីលិចទឹក។
  20. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្ត អភិបាលស្រុក មេឃុំ ត្រូវតែទទួលខុសត្រូវ និងយកចិត្តទុកដាក់ទៅលើពលរដ្ឋរបស់ខ្លួន ដែលរស់នៅ និងអាស្រ័យផលលើដីជុំវិញបឹងទន្លេសាប។
  21. សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ថ្លែងការថ្លែងសារនៅវេលាម៉ោង ៩៖៤០នាទី, នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២៕

ចែករំលែកទៅកាន់បណ្តាញសង្គម