មកដឹងលម្អិតអំពីពេលវេលាដែល Apple នឹងបង្ហាញវត្តមាន iPhone 14

iPhone 14 ត្រូវបានគេរំពឹងថានឹងក្លាយជា​ខ្សែស្រឡាយកំពូលស្មាតហ្វូនបន្ទាប់របស់ក្រុមហ៊ុន Apple នៅក្នុងឆ្នាំ ២០២២ នេះ។ ហើយមានពាក្យចរចាមអារ៉ាមជាច្រើនហូរហែរផងដែរត្រូវបានលេចលឺទាក់ទងជាមួយការរចនារូបរាង តម្លៃ ក៏ដូចជាមុខងារថ្មីៗជាច្រើនដែលនឹងត្រូវបានបំពាក់លើត្រកូល​ iPhone ជំនាន់​ចុង​ក្រោយ​នេះ។

តែទោះជាយ៉ាងណា ទាក់ទិនទៅនឹងថ្ងៃ ឬកាលបរិច្ឆេទនៃការប្រកាសចេញរបស់​ខ្សែ​ស្រឡាយ​​ iPhone 14 គឺនៅមិនទាន់លេចធ្លាយជាពត៌មាន​ណាមួយដែលយើងអាចយកធ្វើជាតម្រុយបាននៅឡើយទេ​ ខណៈដែលកាលពីព្រឹត្តិការណ៍​ WWDC ឆ្នាំ ២០២២ កាលពីថ្ងៃទី ០៦ មិថុនា​ កន្លងទៅ​ Apple បានប្រកាស​ចេញ​តែ​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ចុង​ក្រោយ​របស់​ខ្លួន​គឺ​ iOS 16 ប៉ុណ្ណោះ​​ ដោយមិនបានបង្ហើប​ឲ្យ​ដឹង​ថា​ពេល​ណា​​​ស្មាតហ្វូន​កំពូល​ចុង​ក្រោយ​​របស់​ខ្លួន​នឹង​លេច​ចេញ​ជារូបរាង​​នៅ​លើ​ផែនដី​នេះ​​​នៅ​ឡើយ​។

ងាក​ត្រលប់​ទៅ​កាន់​អតីតកាល​បន្តិច​ ​កាល​ពី​ខ្សែ​ស្រឡាយ​​ iPhone 13 គឺ​​ក្រុមហ៊ុន​ Apple ​បាន​ប្រកាស​ចេញ​​វា​ជា​ផ្លូវការ​នៅ​ថ្ងៃ​​អង្គារ​ ទី ១៤ កញ្ញា​ ក្នុង​​ឆ្នាំ​ ២០២១ ​ហើយ​​បាន​ដាក់​ឲ្យ​អ្នក​គាំទ្រ​ធ្វើ​ការ​កម្មង់​នៅ​ថ្ងៃ​សុក្រ​ ទី​ ១៧​ និង​បាន​​ចេញ​លក់​​ជា​ផ្លូវការនៅ​ថ្ងៃ​ ២៤ ​នៃ​ខែ​​ឆ្នាំ​ដដែល​។

ដូច្នេះ​សម្រាប់​ iPhone 14 ក្រុមហ៊ុន​ Apple អាច​នឹង​ធ្វើ​ការ​ប្រកាស​ចេញ​ជា​ផ្លូវការ​នៅ​​ចន្លោះ​ថ្ងៃ​អង្គារ​​​​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​ ០៦ កញ្ញា​ ​ឆ្នាំ​ ២០២២​ នេះ​ ឬ​​នៅ​​ថ្ងៃ​អង្គារ​នៃ​សប្ដាហ៍​បន្ទាប់​គឺ​ថ្ងៃ​ទី​ ១៣​ កញ្ញា​ ខណៈដែល​ថ្ងៃ​ដាក់​ឲ្យ​ធ្វើ​ការ​កម្មង់​គឺ​នៅ​​ថ្ងៃ​សុក្រ​នៃ​សប្ដាហ៍​តែ​មួយ​​ មាន​ន័យ​ថា​ Apple ​អាច​​នឹង​​បើកទទួលការកម្មង់​សម្រាប់​ស្មាតហ្វូនជំនាន់​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​​ទី​ ០៩ ឬ​ថ្ងៃ​សុក្រ​​ទី​ ១៦ កញ្ញា​ ឆ្នាំ​ ២០២២ ។

ប្រភព​ ៖ CNET

ចែករំលែកទៅកាន់បណ្តាញសង្គម